]
១៩ កក្កដា ២០១៧ | ទាញយក | 6926

កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាបូកសរុបចលនាប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អ” ឆ្នាំ២០១៦ ឆមាសទី១ ឆ្នាំ២០១៧ និងទិសដៅឆមាសទី២ ឆ្នាំ២០១៧-២០១៨។ ដោយអនុវត្ត​តាម​​អនុសាសន៍​​​ដ៏​ខ្ពង់​ខ្ពស់​របស់ ស​ម្តេ​​ច​​តេជោនាយក​​រដ្ឋមន្ត្រី​ ដែល​បាន​​​ថ្លែង​​​​ក្នុង​ពិធី​អបអរ​សាទរ​​​កម្ពុជា​ជា​​គោល​ដៅ​ទេសចរណ៍​​ល្អ​បំផុត​លើ​​ពិភពលោក​ឆ្នាំ​២០១៦ កាល​ពីថ្ងៃទី​២២ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៦​ ថា៖ «...ចលនា​​​​​ប្រ​​ឡង​​​​​ប្រណាំង​បដិសណ្ឋារកិច្ចល្អ​ ជា​របៀប​វារៈ​​​ថ្មី​​មួយ​របស់​ជាតិ​  (National Agenda) ដោយ​យើង​ត្រូវ​យល់​ថា​ ​“បដិសណ្ឋារកិច្ចល្អ​ គឺជា​​កាតព្វកិច្ច​​របស់​យើង​ទាំង​អស់​គ្នា”  ​ក្រសួង​ទេសចរណ៍​បាន​ប្រកាស​ដាក់​​​ចេញ​ចលនា​ប្រឡងប្រណាំង​ "បដិសណ្ឋារកិច្ចល្អតាមប្រព័ន្ធ​ QR-Code ​​សម្រាប់​វាយ​តម្លៃ​ចលនា​ប្រឡង​ប្រណាំង​បដិសណ្ឋារកិច្ចល្អ​ក្នុង​វិស័យទេសចរណ៍លើក​ទី១  និង​ចលនា​ប្រឡង​ប្រណាំង​បដិសណ្ឋារកិច្ចល្អ​សម្រាប់​ច្រកទ្វារ​អន្តរជាតិ​លើក​ទី២ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​អាច​ចូលរួម​ផ្តល់​​មតិ​ និងធ្វើ Rating កម្រិត​នៃការ​ផ្តល់​សេវា​​លើ​ប្រព័ន្ធ​ QR-Code បដិសណ្ឋារកិច្ច​ល្អ” (www.cambodiabesthospitality.org) ​ដោយ​ឈរ​លើ​អភិក្រម​ "​ធ្វើឱ្យ​បាន ធ្វើ​ឱ្យ​លឿន ធ្វើឱ្យ​មាន​តម្លា​ភាព"

ប្រតិបត្តិករទេសចរណ៍ ដែលជា​ម្ចាស់អាជីវកម្មទេសចរណ៍ មានកាតព្វកិច្ចក្នុងការចូលរួមប្រឡងប្រណាំង​ក្នុងចលនា​ប្រឡងប្រណាំង ដោយ​អាច​​ចុះ​បញ្ជី​ (Register) លើ​ប្រព័ន្ធ​ QR Code បដិសណ្ឋារកិច្ច​ល្អ”(www.cambodiabesthospitality.org) ដោយ​ងាយ​ស្រួល។

ដោយ​ឡែក​ ចលនាប្រឡងប្រណាំង “បដិសណ្ឋាកិច្ចល្អសម្រាប់​ច្រកទ្វារអន្តរជាតិ” លើក​ទី២ នេះ មានចំនួន០៦ច្រកទ្វារ​អន្តរជាតិ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ​ដោយ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​អាច​ផ្តល់​ការ​វាយ​តម្លៃ​លើ​កម្រិត​នៃ​ភាព​ពេញ​ចិត្ត​លើ​សេវា៖ សេវា Check in សេ​វា X-ray ​មន្រ្តី​អន្តោប្រវេសន៍ មន្រ្តី​គយ និង​ចត្តាឡីសក្តិ

ឯកឧត្តមរដ្ឋមន្រ្តីក្រសួង​ទេសចរណ៍​បាន​ណែនាំ​បន្ថែម​ ដើម្បី​គាំទ្រ​ដល់​ចលនា​ប្រឡង​ប្រណាំង​បដិសណ្ឋារកិច្ចល្អ​​​របស់​ច្រកទ្វារ​អន្តរជាតិ​​ត្រូវ​បន្ត​សម្រួល​ការ​ធ្វើដំណើរតាម​ច្រក​ទ្វារ​អន្តរជាតិ ដោយជំរុញ​ការ​សាង​សង់​ច្រកទ្វារ​ប៉ោយប៉ែត​ឱ្យ​បាន​លឿន ទី២.នៅតាម​ច្រកអាកាសយាន្តដ្ឋាន​នានា ត្រូវ​មាន​ច្រកពិសេស​ (Special Line)សម្រាប់ភ្ញៀវ​​ទេសចរអាស៊ាន និង​អាស៊ាន​បូក​បី (ចិន ជប៉ុន កូរ៉េ)។ ទី៣.ត្រូវ​ផ្សព្វផ្សាយការ​ផ្តល់​ Multiples Visa និង​ប្រព័ន្ធ Visa on arrival ឱ្យ​បាន​ទូលំទូលាយ​នៅ​ទីផ្សារ​ទេសចរ​ចិន ជប៉ុន និង​កូរ៉េ និង​ត្រូវ​ខិតខំ​ចូលរូម​អនុវត្ត (China Ready) ដោយស្នើ​រៀប​ចំ​ឱ្យ​មាន​​សញ្ញា​ជា​ភាសាចិន​​នៅ​តាម​អាកាសយាន្តដ្ឋាន​អន្តរជាតិឱ្យ​បាន​ល្អ។​

   ទន្ទឹមនឹងនេះ ដើម្បីគាំទ្រដល់ចលនាប្រឡងប្រណាំង បដិសណ្ឋារកិច្ចល្អ និងពង្រឹងការគ្រប់គ្រងអាជីវកម្ម និងសេវាកម្មទេសចរណ៍ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមការវិវត្តថ្មីៗនៃវិស័យទេសចរណ៍កម្ពុជា និងពិភពលោកនាពេលបច្ចុប្បន្ន ក្រសួងទេសចរណ៍បាន​​ចុះកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍជំនាញបដិសណ្ឋាកិច្ចរវាង​ក្រសួងទេសចរណ៍ និងសាលា​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈទេសចរណ៍​​ចំនួន​០៩ រួម​មាន វិទ្យាស្ថាន ប៉េ អេស អឺ សាកលវិទ្យាល័យ និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ចល្អអាស៊ីអ៊ឺរ៉ុប វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា សាលាបដិសណ្ឋារកិច្ច និងទេសចរណ៍ ប៉ូល ឌុយ ប្រ៊ូយ សាលាដុនបុស្កូខេត្តព្រះសីហនុ សាកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាប  សាកលវិទ្យាល័យបៀលប្រាយខេត្តព្រះសីហនុ វិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិកម្ពុជា  និង​ភ្នាក់ងារប្រឹក្សាយោបល់ជំនាញវិជ្ជាជីវៈអាស៊ាន អេ ធី ភី ដើម្បី​ពង្រឹង​ការ​បណ្តុះបណ្តាល​បដិសណ្ឋារកិច្ច​ល្អឱ្យកាន់តែខ្លាំង គាំទ្រដល់ចលនាប្រឡងប្រណាំង "បដិសណ្ឋារកិច្ចល្អ" ឆ្ពោះទៅស្វាគមន៍កីឡា (SEA GA​M​E​) ឆ្នាំ​២០២៣ និងដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសជាតិ និងអន្តរជាតិ៧លាននាក់ នៅឆ្នាំ២០២០ និង១១លាននាក់នៅឆ្នាំ២០២៥។

ឯកសារ ១ (ទំហំ: 97.46 KB | ទាញយក: 1831)
ឯកសារ ២ (ទំហំ: 74.48 KB | ទាញយក: 1519)
ឯកសារ ៣ (ទំហំ: 154.88 KB | ទាញយក: 1806)
ឯកសារ ៤ (ទំហំ: 166.71 KB | ទាញយក: 1608)
ឯកសារ ៥ (ទំហំ: 144.75 KB | ទាញយក: 1802)
ឯកសារស្រដៀង
គ្មានទិន្នន័យ